Saturday, January 31, 2009

ពលរដ្ឋ​តំបន់​ដី​ក្រហម​ជាង​១០០​គ្រួសារ​រង់ចាំ​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​និង​អាជ្ញាធរ

2009-01-31

ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ក្រោយ​ពី​ការជម្លៀស​ពី​តំបន់​ដី​ក្រហម​ឬ​ភូមិ​១៥​តាំង​ពី​ថ្ងៃ​២៤ ខែ​មករា មក​ដល់​ថ្ងៃ​៣០ ខែ​មករា​នេះ នៅ​រង់ចាំ​ការដោះស្រាយ​ជម្រក​និង​ថវិកា​ពី​ក្រុមហ៊ុន 7NG និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ។

RFA Photo/Ouk Savborey

៣០-០១-២០០៩: ពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​ដី​ក្រហម​ស្នាក់នៅ​បណ្ដោះ​អាសន្ន​មុខ​បុរីសន្តិភាព​របស់​ក្រុមហ៊ុន 7NG ក្នុង​ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ។

ស្រ្តី​ដែល​មាន​កូន​ខ្ចី​សម្រាក​លើ​គ្រែ​បាក់បែក​និង​ក្រោម​ដំបូល​ភួយ​មុខ​បុរី​សន្តិភាព​បាន​និយាយ​ថា ៖ «វា​ពិបាក​ណាស់​មិន​ដឹង​ជា​គេ​ដោះស្រាយ​ឬ​អត់​ទេ!»

ស្រ្តី​មេម៉ាយ​ម្នាក់​ទៀត​ប្រាប់​ថា ក្រោយ​ការជម្លៀស​ពី​តំបន់​ដី​ក្រហម​នា​ថ្ងៃ​២៤ ខែ​មករា ដោយ​គ្មាន​ដំណោះស្រាយ​និង​ជម្រក​រួម​ទាំង​ថវិកា​២​ម៉ឺន​ដុល្លារ​ផង​នោះ​ពួក​គាត់​បាន​ធ្វើការ​តវ៉ា​នៅ​មុខ​រដ្ឋសភា​និង​នៅ​ផ្ទះ​នាយក​រដ្ឋមន្រ្តី​ខ្មែរ។ ពួក​គាត់​ជាង​១០០​គ្រួសារ​បាន​ដាក់​ពាក្យ​ប្តឹង​សុំ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​និង​ក្រុមហ៊ុន 7NG ដោះស្រាយ​តាម​ការសន្យា។

ស្ត្រី​ម៉េម៉ាយ​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ឥឡូវ​គេ​យក​មក គេ​យក​មក​ចាក់​ចោល​អ៊ីចឹង ប៉ុន្តែ​មិន​ដឹង​ថា​ថ្ងៃ​ក្រោយ​គេ​ដោះស្រាយ​យ៉ាងម៉េច! ឥឡូវ​ឮ​គេ​ថា គេ​យក​ឈ្មោះ​តែ​១១៣​គ្រួសារ​ទេ តែ​មិន​ដឹង​មាន​ពួក​ខ្ញុំ​ឬ​មិន​មាន អត់​ដឹង​ទេ... ព្រោះ​អី​ថ្ងៃ​មុន​គេ​ដើរ​ចែក​អំណោយ ខ្លះ​គេ​ថា​បាន​ក្រដាស​អំណោយ​ហ្នឹង​ទើប​បាន​កន្លែង​ផ្សារ​ហ្នឹង​ដែរ។ ឥឡូវ​គេ​ថា​ស្អែក​ហ្នឹង​គេ​ដោះស្រាយ បើ​សិន​អ្នក​ណា​អត់​មាន​ឈ្មោះ​គេ​ដេញ​ចេញ​ពី​ហ្នឹង​ទៀត»

វិទ្យុ​អាស៊ីសេរី​បាន​ទាក់ទង​សុំ​ការបំភ្លឺ​ដល់​ការិយាល័យ​ទាំង​ពីរ​របស់​ក្រុមហ៊ុន 7NG នៅ​ដង្កោ​និង​នៅ​ក្រុង​ភ្នំពេញ បុគ្គលិក​ទាំងអស់​សុទ្ធតែ​ប្រាប់​ថា ប្រធាន​ក្រុមហ៊ុន​មិន​មាន​វត្តមាន​ទេ។ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ជម្រាប​សួរ​ព័ត៌មាន​ពី​ការជម្លៀស​នៅ​ថ្ងៃ​សុក្រ​បាន​ភ្លាមៗ​ទេ។

ឆ្លើយ​តប​នឹង​ការទន្ទឹង​រង់ចាំ​របស់​ក្រុម​អ្នក​រង​នូវ​ការជម្លៀស​ពី​តំបន់​ដី​ក្រហម​ឬ​ភូមិ​១៥ មន្រ្តី​ជាន់ខ្ពស់​ខុទ្ទកាល័យ​នាយ​រដ្ឋមន្រ្តី ហ៊ុន សែន គឺ​លោក លឹម លាងសែ មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែ​មករា ឆ្នាំ​២០០៩ ថា ៖ «ឥឡូវ​នេះ​យើង​បាន​ទៅ​សាលា​ក្រុង​និង​ក្រុមហ៊ុន ព្រោះ​គាត់​ថា​គាត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​ត្រូវ​ទទួល​គោល​នយោបាយ​ហ្នឹង​ដែរ ប៉ុន្តែ​ទាល់​តែ​មាន​ក្រុមហ៊ុន​និង​សាលា​ក្រុង​គេ​ផ្ទៀងផ្ទាត់​មើល​បញ្ជី​ឈ្មោះ​សិន តើ​ពួក​គាត់​១១៦​នាក់​ហ្នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​គេ​ទទួល​ស្គាល់​ដែរ​ឬ​អត់...។ អ៊ីចឹង​បើ​សិន​ជា​គាត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​ហ្នឹង អា​ហ្នឹង​គាត់​ទទួល​បាន​ផ្ទះ​មួយ​ល្វែង​ហ្នឹង​ហើយ។ តែ​កន្លង​មក​សាលា​ក្រុង​បាន​ដោះដូរ​ឲ្យ​គាត់​ទៅ​នៅ​ទីតាំង​ថ្មី​ហ្នឹង​ណា៎ ដូច​ជា​បាន​ទៅ​នៅ​ច្រើន​ហើយ អ៊ីចឹង​មិន​ដឹង​ថា​នៅ​សេសសល់​ប៉ុន្មាន​ទៀត​ដែល​មិន​ទាន់​បាន​ទៅ​នៅ​ហ្នុង​ណា៎»

ចំណែក​តំណាងរាស្រ្ត​មណ្ឌល​ក្រុង​ភ្នំពេញ លោក ហូរ វ៉ាន់ មាន​ប្រសាសន៍​ថា បាន​ទទួល​យក​ពាក្យ​ប្តឹង​តវ៉ា​សុំ​ឲ្យ​មាន​សំណង​ត្រឹមត្រូវ​មុន​អាជ្ញាធរ​ក្រុង​និង​ក្រុមហ៊ុន 7NG បង្ខំ​បណ្តេញ​មនុស្ស​ចេញ​ពី​លំនៅឋាន​ដាក់​ជូន​ប្រធាន​សភា​ជាតិ​រួច​ហើយ។

ទន្ទឹម​នឹង​នោះ​ដែរ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែ​មករា​នេះ ថា សូម​ឲ្យ​សាលា​ក្រុង​និង​ក្រុមហ៊ុន​ឆាប់​ដោះស្រាយ​តាម​ការសន្យា​ផ្តល់​ប្រាក់​២​ម៉ឺន​ដុល្លារ​និង​ផ្ទះ​មួយ​ល្វែង​ដល់​គ្រួសារ​ដែល​រង​នូវ​ការជម្លៀស​កាលពី​ថ្ងៃ​២៤ មករា​នេះ។

លោក អំ សំអាត បាន​បន្ត​ថា ក្នុង​ផ្ទះ​១៥២​ខ្នង​ដែល​ត្រូវ​បាន​កម្ទេច​កាលពី​ថ្ងៃ​ទី​២៤ ក្រុមហ៊ុន​ទទួល​ស្គាស់​តែ​៩១​ខ្នង គឺ​ជា​ការរំលោភ​សិទ្ធិ​មនុស្ស​និង​រំលោភ​សិទ្ធិ​មាន​លំនៅឋាន​របស់​ប្រជាជន៕

No comments:

Post a Comment