Thursday, February 12, 2009

ស្ថានភាព​នៃ​ពលរដ្ឋ​ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​តំបន់​ដី​ក្រហម

2009-02-11

«ខ្ញុំ​ស្ម័គ្រ​មក​គឺ​ដោយ​ទឹក​ចិត្ត​ខ្ញុំ មាន​ការ​ត្រេក​អរ ព្រោះ​ថា ខ្ញុំ​ហ្នឹង​រស់នៅ​លំបាក​វេទនា​ក្នុង​ប្លុក​អនាធិបតេយ្យ ឬ​ក៏​រស់នៅ​មិន​ថ្លៃថ្នូរ​អ៊ីចឹង ប៉ុន្តែ​ដល់​ពេល​ឥឡូវ តាំង​ពី​ខ្ញុំ​មក​រស់នៅ​ដំបូង គឺ​ជីវភាព​ខ្ញុំ​បាន​ធូរស្រាល ហើយ​ការ​រកស៊ី​សុខភាព​របស់​ខ្ញុំ​ក៏​ល្អ​មាំមួន ហើយ​ក៏​គ្មាន​ជំងឺ​ឈឺ​ថ្កាត់​អី​ដែរ​កូន​ចៅ​អី ដូច​ថា​យើង​រស់នៅ​មាន​កម្មសិទ្ធិ​ត្រឹមត្រូវ មាន​ផ្ទះ​សម្បែង យើង​មិន​ភ័យ​ខ្លាច​អគ្គិភ័យ»។

RFA Photo/Ouk Savborey

៣០-០១-២០០៩: ពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​ដី​ក្រហម​ស្នាក់នៅ​បណ្ដោះ​អាសន្ន​មុខ​បុរីសន្តិភាព​របស់​ក្រុមហ៊ុន 7NG ក្នុង​ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ។

នេះ​ជា​ការ​បញ្ជាក់​ពី​ហេតុការណ៍​ផ្ទាល់​ខ្លួន​របស់​លោក អម ស៊ីឡូ អ្នក​ស្ម័គ្រ​ចិត្ត​ដូរ​ផ្ទះ​ពី​សហគមន៍​ដី​ក្រហម​មក​រស់នៅ​បុរី​សន្តិភាព​២ ពី​ឆ្នាំ​២០០៦។ បច្ចុប្បន្ន លោក​ជា​ស្មៀន​នៅ​ភូមិ​បុរី​សន្តិភាព​២។

លោក អម ស៊ីឡូ បន្ត​ថា ការ​រស់នៅ​ដំបូង​មាន​ការ​លំបាក​គ្មាន​ប្រាក់​ចំណូល​ឆ្ងាយ​ពី​កន្លែង​ធ្វើការ​ឆ្ងាយ​ពី​សាលា​កូន គ្មាន​ទឹក​ស្អាត​ប្រើ។ ប៉ុន្តែ​ជីវិត​ត្រូវ​តស៊ូ ទើប​អាច​វិវឌ្ឍន៍​ការ​រស់នៅ​ប្រសើរ មាន​សុខភាព​ល្អ មាន​កម្មសិទ្ធិ​លើ​ផ្ទះ ដែល​កំពុង​នៅ​មិន​ភ័យ​ព្រួយ​ពី​ការ​បណ្តេញ​រស់​នៅ​ស្ងប់​ស្ងាត់ មិន​ឮ​ជម្លោះ​រាល់​ថ្ងៃ ដូច​នៅ​សហគមន៍​ដី​ក្រហម។

រីឯ​អ្នកស្រី ឡេង សុផានី អ្នក​ស្ម័គ្រ​ចិត្ត​យក​ផ្ទះ​ល្វែង​នៅ​បុរី​សន្តិភាព​២​ដែរ ឲ្យ​ដឹង​ថា នៅ​សហគមន៍​ដី​ក្រហម គាត់​ភ័យ​ព្រួយ រាល់​ថ្ងៃ​ខ្លាច​ភ្លើង​ឆេះ​ផ្ទះ ដោយ​ផ្ទះ​គាត់​ស្លឹក និង​ពេល​ភ្លៀង ទឹក​ហូរ​ចូល​ផ្ទះ​ដក់​ទឹក រស់​នៅ​គ្មាន​អនាម័យ។ ប៉ុន្តែ​ការដូរ​មក​រស់នៅ​បុរី​សន្តិភាព​២ ពី​ថ្ងៃ​១១ ខែ​៨ ឆ្នាំ​២០០៦ គាត់​បាន​រស់នៅ​ស្អាត មាន​អនាម័យ។ ប៉ុន្តែ​គាត់​ត្រូវ​ឈប់​ធ្វើការ​នៅ​អង្គការ​មិត្ត​សម្លាញ់​មក​ពី​កន្លែង​ធ្វើការ​ឆ្ងាយ​ពេក។

អ្នកស្រី ឡេង សុផានី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ផ្ទះ​ហ្នឹង​មាន​តែ​សម្បក​ផ្ទះ​ទទេ។ ឥឡូវ​ហ្នឹង គេ​មាន​សាលារៀន គេ​មាន​មន្ទីរពេទ្យ​នៅ​ហ្នឹង គេ​បើក​ថ្នាំ​ឲ្យ​យើង​កាលណា​យើង​ឈឺ​ខ្លាំង គេ​នឹង​បញ្ជូន​យើង​ទៅ​កន្លែង​ពេទ្យ​ពិភព​ក្រុង​ពេទ្យ​សម្ដេច​ឪ»

ការ​ដូរ​ទីលំនៅ​ពី​សហគមន៍​ដី​ក្រហម​មក​រស់​នៅ​បុរី​សន្តិភាព​២ តាម​បញ្ជី​ឈ្មោះ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​កុម្ភៈ របស់​សាលាក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន 7NG មាន​ជាង ១.៤០០​គ្រួសារ ក្នុង​ចំណោម ១.៤៦៥​គ្រួសារ ដែល​បាន​ចាកចេញ​ពី​សហគមន៍​ដី​ក្រហម​បាន​ព្រម​យក​ផ្ទះ។

ការ​ដោះដូរ​នោះ ថ្វី​ត្បិត​តែ​មាន​គ្រួសារ​មួយ​ចំនួន​ធំ ព្រម​យក​ការ​ដោះដូរ​ក៏​មាន​អ្នក​មិន​ព្រម​យក​ផ្ទះ​ល្វែង ជាង ៩០​គ្រួសារ​ទៀត ដែល​អះអាង​ថា ដី​ផ្ទះ​ពួក​គេ​នៅ​សហគមន៍​ដី​ក្រហម​ធំ​ជាង​ដី​ផ្ទះ​ក្រុមហ៊ុន 7NG ដែ​សង់សង​នៅ​បុរី​សន្តិភាព​២។ ហើយ​ពួក​គេ​តវ៉ា​ឲ្យ​ក្រុមហ៊ុន បើ​ចង់​ឲ្យ​គេ​ចាក​ចេញ ត្រូវ​ទិញ​ដី​តាម​តម្លៃ​ទីផ្សារ។ ការ​ចរចា​បាន​ពន្យារ​ច្រើន​ឆ្នាំ ទើប​មាន​ការ​ប្រើ​ហិង្សា បង្ខំ​ឲ្យ​ចេញ​ពី​សហគមន៍​ដី​ក្រហម ថ្ងៃ​២៤ ខែ​មករា ឆ្នាំ​២០០៩។

ក្រោយ​ការ​ឲ្យ​ចាក​ចេញ អ្នក​មិន​ព្រម​យក​ការ​កំណត់​តម្លៃ​ផ្ទះ​ពី​ក្រុមហ៊ុន​និង​សាលាក្រុង ២​ម៉ឺន​ដុល្លារ​នោះ បែរ​ជា​មួយ​ចំនួន​ព្រម​ទទួល​យក​ផ្ទះ និង​នៅ​សល់​តែ​ជាង ៥០​គ្រួសារ​ទៀត សុំ​យក​ជា​ប្រាក់​២​ម៉ឺន​ដុល្លារ តាម​ការ​សម្រេច​ឲ្យ​មុន​ការ​បណ្តេញ​ចេញ។

ក្រុម​អ្នក​តវ៉ា មិន​ព្រម​យក​ផ្ទះ​នៅ​បុរី​សន្តិភាព ឲ្យ​ដឹង​ថា ក្រៅ​ពី​ប៉ះពាល់​ការ​រស់​នៅ​ឆ្ងាយ​បាត់បង់​មុខ​របរ ផ្ទះ​ល្វែង​ផ្ទាល់​ដី​សង់​នៅ​បុរី​សន្តិភាព​នោះ ដំបូល​ប្រេះ​ចេញ​ដែក និង​គ្មាន​ទឹក​ស្អាត​ប្រើ​គ្រប់។

អ្នកស្រី សួស សុខុម មាន​ប្រសាសន៍​ថា ក្រោយ​ការ​បណ្តេញ​ឲ្យ​ចេញ​ពី​សហគមន៍​ដី​ក្រហម​ពី​ថ្ងៃ​២៤​មក រយៈពេល​កន្លះ​ខែ​មក​នេះ គាត់​ទើប​មក​នៅ​ផ្ទះ​ល្វែង​នេះ ៣​-៤​ថ្ងៃ​នេះ​ទេ។ គាត់​ថា បាន​ជា​ព្រម​យក​ផ្ទះ​នៅ​មក​ពី​គ្មាន​ជម្រើស។ ដោយ​ការ​តវ៉ា​ច្រើន​ដង មាន​អង្គការ​ក្នុង​ស្រុក​ច្រើន និង​អង្គការ​សហប្រជាជាតិ ជួយ​ការពារ​អ្នក​ក្រ​ផង ក៏​គ្មាន​ការ​ដោះស្រាយ​ពី​អាជ្ញាធរ ឬ​ក្រុម​អ្នក​ច្បាប់​ដែរ។ ហើយ​ការ​រស់​នៅ​មុខ​បុរី​សន្តិភាព ហាល​វាល​មូស​ខាំ​នៅ​ច្របូក​ច្របល់ ខ្វះ​សេចក្តី​ថ្លៃ​ថ្នូរ ខ្លាច​ឈឺ ទើប​គាត់​បង្ខំ​ចិត្ត​យក​ផ្ទះ​ទៅ។ អ្នកស្រី​ថា គាត់​ពន្យារ​មិន​ព្រម​យក​ផ្ទះ តាម​ការ​ចរចា ឆ្នាំ​២០០៦​នោះ មក​ពី​កូន​គាត់​រៀន​នៅ​មហាវិទ្យាល័យ និង​វិទ្យាល័យ ហើយ​បើ​គាត់​ប្តូរ​មក​រស់​នៅ​បុរី​សន្តិភាព​២​នេះ ជាយ​ក្រុង​ផង គ្មាន​វិទ្យាល័យ និង​មហាវិទ្យាល័យ​សម្រាប់​កូន​ផង។

ក្រោយ​ការ​បង្ខំ​ឲ្យ​ចេញ​ពី​សហគមន៍​ដី​ក្រហម កូន​ប្រុស​គាត់​២​នាក់ បាន​បញ្ចប់​ការ​រៀន​សូត្រ​ត្រឹម​ប៉ុណ្ណេះ។ អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា គាត់​និង​ប្តី​មិន​អាច​រក​ស៊ី​អ្វី​បាន សព្វថ្ងៃ​ដក​យក​ប្រាក់​ក្រុមហ៊ុន​ឧបត្ថម្ភ​ឲ្យ​ជាង ៧៧​ម៉ឺន​រៀល​នោះ ដក​ចាយ​រាល់​ថ្ងៃ ទិញ​ទឹក ទិញ​ទៀន​អុជ​បំភ្លឺ ទិញ​អាហារ។ គាត់​មិន​អាច​ឲ្យ​លុយ កូន​ចាក់​សាំង​ទៅ​រៀន និង​ចាយ​សម្រាប់​ហូប​បាយ ថ្ងៃ​ត្រង់​នៅ​មហាវិទ្យាល័យ​និង​វិទ្យាល័យ​បាន​ទៀត​ទេ។

អ្នកស្រី សួស សុខុម មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​មើល​ទៅ​ផ្ទះ​ហ្នឹង​វា​សមរម្យ​សម្រាប់​ពួក​ខ្ញុំ​នៅ​បាន​ដែរ តែ​គ្រាន់​តែ​ថា ឥឡូវ​វា​ពិបាក ទឹក​ក៏​គ្មាន ភ្លើង​ក៏​គ្មាន សាលារៀន​កូន​ក៏​គ្មាន​ថវិកា​ក៏​អត់​មាន​ចំណូល​ចូល​មាន​តែ​ចេញ។ សាលាក្រុង​ឲ្យ​ពួក​ខ្ញុំ ៧០​ម៉ឺន ខ្ញុំ​គ្រាន់​តែ​ដឹក​អីវ៉ាន់​មក​គ ទិញ​ស្អីៗអស់​រលីង​បាត់​ហើយ គ្មាន​អ្វី​សល់​ទេ កូន​ក៏​បោះបង់​ការ​រៀន​សូត្រ ខ្ញុំ​អាណិត​កូន​ណាស់ តែ​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច»

លោក កែវ មុន្នី ឲ្យ​ដឹង​ថា ក្រុមហ៊ន 7NG បាន​កត់​ឈ្មោះ​គាត់​ឲ្យ​ព្រម​យក​ផ្ទះ​ដែល​ក្រុមហ៊ុន​ចង្អុល​ឲ្យ​មិន​ឲ្យ​មាន​ការ​ជ្រើរើស​ឡើយ។ ផ្ទះ​គាត់​ទើប​ចូល​នៅ​នោះ បាន​ប្រេះ​ដំបូល​និង​ជញ្ជាំង​ខ្លាំង​ទៅ​ហើយ។ គាត់​បារម្ភ​ពី​ការ​បាក់​ស្រុត​នា​ពេល​ខាង​មុខ។

លោក កែវ មុន្នី មាន​ប្រសាសន៍​ថា ៖ «មក​ពី​ប្រើ​ដែក​មិន​ចំ​ស្តង់ដារ​របស់​វា ការ​ទ្រុឌ​ទ្រោម​បាក់​សង្កត់ ខ្លាច​គឺ​ខ្លាច​ហើយ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​កាលៈទេសៈ​គេ​បង្ខំ​ឲ្យ​យើង​មក យើង​ត្រូវ​តែ​មក»

បុរស​ឈ្មោះ ឈឿន ឈាង មន្រ្តី​ផ្នែក​តន្រ្តី​បុរាណ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​មាន​ប្រសាសន៍​ថា គាត់​ខ្លាច​ការ​បណ្តេញ​ជា​លើក​ទី​២ ក្រោយ​ការ​ឲ្យ​ចាក​ចេញ​ពី​សហគមន៍​ដី​ក្រហម ទើប​គាត់​បង្ខំ​ចិត្ត​ទទួល​យក​ផ្ទះ​ល្វែង​នោះ។ គាត់​ថា ភាព​រន្ធត់​នៃ​ការ​បង្ខំ​ឲ្យ​ចាក​ចេញ នា​ថ្ងៃ​២៤ ខែ​មករា បាន​ដក់​ជាប់​ក្នុង​អារម្មណ៍ ដែល​គាត់​រស់នៅ​តែ​ក្រោម​ការ​ជម្លៀស​សង្រ្គាម​ផង ផ្ទះ​សម្បែង​ផង។ គាត់​គ្មាន​ការ​តវ៉ា​ទេ សូម្បី​តែ​ការ​ជញ្ជូន​មក​រស់​នៅ​មុខ​បុរី​នេះ ក៏​គេ​គំរាម​ជម្លៀស​គាត់​ជា​ថ្មី​ទៀត បើ​មិន​ព្រម​យក​ផ្ទះ​ល្វែង។

លោក ឈឿន ឈាង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ស្ម័គ្រ​ចិត្ត​យក បើ​មិន​យក​ទៅ​ក្រែង​លោ​ខូចខាត​២​ដង​។ អម្បាញ់​មិញ​គ្រាន់​តែ​ឮ​សូរ​ត្រាក់ទ័រ ខ្ញុំ​ភ័យ​មួយ​សា​ទៀត ខ្លាច​ក្រែង​លោ​គេ​ឈូស​ទៀត។ នៅ​តែ​ភ័យៗ នៅ​មិន​ទាន់​អស់​ភ័យ។ សូម្បី​តែ​ស្អី​ក៏​មិន​សល់​ដែរ ឈើ​កំប៉ិក​កំប៉ុក​អី​ក៏​អស់​រលីង។ មាន​ផ្ទះ​មាន​អី​នៅ​អ៊ីចឹង​ដូច​ថា មាន​ជម្រក អាហ្នឹង​ត្រឹម​ត្រូវ​ហើយ តែ​សំខាន់​បាត់​បង់​ការ​រៀនសូត្រ​របស់​កូន បាត់​បង់​ទ្រព្យ​សម្បត្តិ​ខ្លះ បាត់​បង់​ការ​រកស៊ី នៅ​ពេល​អ៊ីចឹង​លុយ​គេ​បើក​ឲ្យ​ប៉ុន្មាន​វា​ត្រូវ​ចុះ​ថវិកា ត្រូវ​ដាក់​ភ្លើង​អី​ទៀត។ ឥឡូវ​ខ្ញុំ​អត់​ទាន់​ដាក់​ភ្លើង​ផង ព្រោះ​ថវិកា​យើង​អត់​មាន»

អភិបាល​រង​រាជ​ធានី​ភ្នំពេញ លោក ម៉ាន់ ឈឿន ប្រាប់​អ្នក​ស្រុក​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា សុំ​ឲ្យ​សិស្ស និស្សិត​កត់​ឈ្មោះ អ្នក​មិន​បាន​ទៅ​រៀន ក្រោយ​ដោះដូរ​កន្លែង​រស់​នៅ បញ្ជូន​ឈ្មោះ​ទៅ​សាលា​ក្រុងៗ នឹង​រៀបចំ​ជួយ​ផ្តល់​ថវិកា​ឲ្យ​ខ្ចី ផ្តល់​មធ្យោបាយ​រក​ស៊ី​និង​មធ្យោបាយ​ទៅ​សាលារៀន។

លោក​បន្ត​ថា បើ​គ្រួសារ​ណា​មាន​កូន​ក្មួយ ចង់​ផ្តាច់​គ្រឿន​ញៀន សាលាក្រុង​ភ្នំពេញ មាន​កន្លែង​ផ្តាច់​គ្រឿង​ញៀន​នៅ​ខណ្ឌ​ដង្កោ មិន​យក​ប្រាក់​ដើម្បី​ជួយ​ការ​លំបាក​ទាំង​ឡាយ​ដល់​អ្នក​ទើប​មក​ពី​សហគមន៍​ដី​ក្រហម ត្រូវការ​ជំនួយ​ចាំបាច់​នោះ៕