Friday, January 30, 2009

ការ​បណ្ដេញ​ពលរដ្ឋ​នៅ​តំបន់​ដី​ក្រហម​រង​នូវ​ការ​ថ្កោល​ទោស

2009-01-29

ការ​បណ្តេញ​ដោយ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដី​ក្រហម រាជ​ធានី​ភ្នំពេញ បាន​ញ៉ាំង​ឲ្យ​មាន​ការ​ថ្កោលទោស​ពី​ក្រុម​សិទ្ធិ​មនុស្ស​ទាំង​ក្នុង​និង​ក្រៅ​ស្រុក។

RFA/Ouk Savborey

កម្មករ​ដែល​ជួល​ដោយ​ក្រុមហ៊ុន 7NG រុះរើ​ផ្ទះ​សម្បែង​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ដី​ក្រហម​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២៤ មករា ២០០៩។

អំពើ​ហិង្សា​ដោយ​ក្រុម​ប្រដាប់​អាវុធ​និង​ក្រុម​អ្នក​ស៊ី​ឈ្នួល​រុះរើ កាល​ពី​ថ្ងៃ​ទី​២៤ មករា បាន​ធ្វើ​ឲ្យ​មាន​អ្នក​ស្រុក​រង​របួស​ដោយសារ​តែ​ការ​ប្រើ​ដំបង​វាយ​ដំ ការ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក បណ្តេញ​អ្នក​ភូមិ​ជាង ១៥០​គ្រួសារ ដែល​រស់​នៅ​ក្នុង​តំបន់​នោះ។

កាល​ពី​ថ្ងៃ​ពុធ (ទី​២៨ មករា ២០០៩) ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ថ្កោល​ទោស​អំពើ​រំលោភ​នោះ និង​ចាត់​ទុក​ថា​ជា​សកម្មភាព​បំពាន​សិទ្ធិ​អ្នក​ស្រុក​ក្នុង​ការ​រស់​នៅ​លើ​ដី​របស់​ពួក​គេ។

ជន​រង​គ្រោះ​ម្នាក់​ដែល​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​បាន​វាយ​ធ្វើ​បាប​នៅ​ពេល​នោះ បាន​រំឭក​ព្រឹត្តិការណ៍​សា​ឡើង​វិញ​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​អត់​បាន​ដឹង​ខ្លួន​ទេ ថ្ងៃ​ហ្នុង ព្រលឹម​ឡើង កូន​វា​ភ្ញាក់​មុន​ខ្ញុំ ចេញ​ទៅ​វា​ឮ​សំឡេង​កាប់​រុះ​ផ្ទះ ... កូន​វា​រត់​ចូល​ទៅ​ហៅ ទើប​បាន​ខ្ញុំ​ប្រវេ​ប្រវា​ស្លៀក​ក្រមា រួច​ខ្ញុំ​រត់​ចេញ​មក ខ្ញុំ​បើក​ទ្វារ។ ខាង​ក្រុមហ៊ុន​ដូច​ជា​ចំណាំ​មុខ​យើង ដូច​គេ​គុំគួន​អ៊ីចឹង មាន​អាជ្ញាធរ​ប៉ូលិស ប៉េអឹម នៅ​ឈរ​ពេញ​មុខ​ផ្ទះ​ហ្នឹង ដល់​ហើយ គេ​ចង្អុល​មក​ខ្ញុំ​ថា ហ្នឹង​ហើយៗ ស្រាប់​តែ​គេ​ចាប់​ទាញ​ខ្ញុំ​ចេញ​យក​មក​វ៉ៃ ទាញ​ទាំង​ប្រពន្ធ​ខ្ញុំ​ដែល​មាន​ផ្ទៃ​ពោះ ៧​ខែ ទាញ​បោច​សក់ វ៉ៃ​ខ្ញុំ​ទាល់​តែ​ខ្ញុំ​លេច​អាចម៍ លេច​នោម។ ខ្ញុំ​សួរ​ថា តើ​ខ្ញុំ​ខុស​អី គ្រាន់​តែ​ខ្ញុំ​បើក​ទ្វារ​ចេញ?»

ម៉ាយ៉ារិទ្ធិ ៖ តើ​អ្នក​វាយ​លោក​ហ្នឹង ជា​ប៉ូលិស ជា​ប៉េអឹម ជា​មនុស្ស​ដែល​គេ​ជួល​មក ឬ​ក៏​ជា​អ្នក​ណា តើ​លោក​ស្គាល់​ឈ្មោះ​ដែរ​ឬ​ទេ?

ជន​រង​គ្រោះ ៖ ខ្ញុំ​អត់​បាន​ស្គាល់​ឈ្មោះ​ទេ ពេល​នោះ​ខ្ញុំ​ស្រឡាំង​កាំង ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដល់​ប្រពន្ធ​ខ្ញុំ ព្រោះ​ប្រពន្ធ​ខ្ញុំ​មាន​ផ្ទៃ​ពោះ ៧​ខែ​ជាង​ហើយ ជិត​ចូល ៨​ខែ។ គេ​វ៉ៃ​ខ្ញុំ​ឡើង​ងងឹត​មុខ ងងឹត​មាត់​អស់ អ៊ីចឹង​ខ្ញុំ​មិន​អាច​ចំណាំ​បាន​ទេ ប៉ុន្តែ​ឯកសណ្ឋាន​គឺ​ប៉ូលិស​និង​ប៉េអឹម (កង​រាជ​អាវុធ​ហត្ថ)

ម៉ាយ៉ារិទ្ធិ ៖ តើ​គេ​វាយ​លោក​នឹង​អ្វី​ដែរ?

ជង​រង​គ្រោះ ៖ វ៉ៃ​ដៃ​ខ្ញុំ និង​វ៉ៃ​នឹង​ស្វាយ​កាំភ្លើង ចូល​ថ្គាម​ខ្ញុំ ឥឡូវ​នៅ​តែ​ហើម រួច​ហើយ​ធាក់​ខ្ញុំ​បណ្ដួល​ទៅ​ដី។ ខ្លួន​ខ្ញុំ​ប្រៀប​ដូច​ជា​បាល់​ទាត់​អ៊ីចឹង ទាត់​ខ្ញុំ​ថ្ងៃ​ហ្នុង​ត្រូវ​ពេញ​ខ្លួន រួច​ហើយ​វ៉ៃ​ខ្នោះ [ដាក់​ខ្នោះ] ខ្ញុំ​ហើយ ហើយ​ទាញ​ខ្ញុំ​ទៅ​ខាង​ណោះ​នៃ​ផ្លូវ។

ម៉ាយ៉ារិទ្ធិ ៖ តើ​ភរិយា​របស់​លោក​ដែល​ពោះ​ធំ រហូត​មក​ទល់​នឹង​ពេល​នេះ តើ​មាន​អ្វី​ដែល​ប៉ះ​ទង្គិច​ដល់​កូន​ក្នុង​ពោះ ដែរ​ឬ​ទេ?

ជន​រង​គ្រោះ ៖ ប្រពន្ធ​ខ្ញុំ តាំង​ពី​ថ្ងៃ​ហ្នុង​មក បាន​ពេទ្យ​ខាង​អង្គការ​ដឹក​យក​ទៅ​មើល ឥឡូវ​រាង​ធូរ​ស្រាល​បន្តិច​ហើយ ហើយ​ជើង​មាន​ស្នាម​ជាំ​ដូច​ជា​ត្រូវ​គេ​ទាត់​ដែរ។

ជន​រង​គ្រោះ​ដដែល​បាន​បន្ត​ទៀត​ថា ការ​លុកលុយ​របស់​ក្រុម​ប្រដាប់​អាវុធ​និង​ក្រុម​អ្នក​ស៊ី​ឈ្នួល​រុះ​ផ្ទះ កាល​ពី​ថ្ងៃ​ទី​២៤ មករា​នោះ មិន​ត្រឹម​តែ​មាន​អំពើ​កម្រោល​ហិង្សា​ប៉ុណ្ណោះ​ទេ គឺ​រួម​មាន​ទាំង​អំពើ​លួច​ប្លន់​នោះ​ថែម​ទៀត ៖ «ប្លន់​អីវ៉ាន់ គឺ​ក្រុមហ៊ុន 7NG វា​ជួល​កម្មករ​អាវ​លឿង អាវ​ខៀវ អាវ​ក្រហម ដែល​ផែនការ​វា​ដាក់​មក​ហ្នឹង គឺ​ពួក​វា​មាន​សម្បក​ទៃ​ថ្មីៗ​សម្រាប់​ដាក់​អីវ៉ាន់​លី​ចេញ​ៗ តែ​ម្ដង។ អស់​រលីង​តែ​ម្ដង អីវ៉ាន់​របស់​ខ្ញុំ គ្រាន់​តែ​ខ្ញុំ​ទិញ​ស្តុក មួយ​ស្តុក​ហ្នឹង​អស់​ជាង ១០​លាន​[រៀល] អស់​រលីង​ពី​ខ្លួន។ ខ្ញុំ​បារម្ភ​ពី​ប្រពន្ធ​ខ្ញុំ ព្រោះ​ពេល​ដែល​ខ្ញុំ​ប្រតាយ​ប្រតប់​ជាមួយ​ជាមួយ​ខាង​ប៉ូលិស​ហ្នឹង ពេល​គេ​ចាប់​ខ្ញុំ​ហើយ​ខ្ញុំ​ខំ​រើ​ហ្នឹង គឺ​ខ្ញុំ​ជួយ​ប្រពន្ធ​ខ្ញុំ ប្រពន្ធ​ខ្ញុំ​ជួយ​ខ្ញុំ ដល់​អ៊ីចឹង​ទៅ ប្រតាយ​ប្រតប់​គ្នា​ទៅ ខ្ញុំ​ខ្លាច​ប្រពន្ធ​ខ្ញុំ​មាន​គ្រោះថ្នាក់ ខ្ញុំ​ក៏​ចេះ​តែ​បណ្ដោយ​ខ្លួន​ទៅ»

មន្ត្រី​នៃ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ Human Rights Watch នៅ​ថ្ងៃ​ពុធ​កន្លង​មក​នេះ​ដែរ បាន​ថ្កោល​ទោស​អំពើ​រំលោភ​ទៅ​លើ​អ្នកស្រុក​នោះ។

អនុប្រធាន​ប្រចាំ​ការិយាល័យ​អាស៊ី​នៃ​អង្គការHuman Rights Watch អ្នកស្រី Elaine Pearson បាន​មាន​ប្រសាសន៍​ស្នើ​យ៉ាង​នេះ​ថា ៖ «អ្វី​ដែល​យើង​ប្រាថ្នា​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​នោះ គឺ​បញ្ឈប់​ការ​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​ដី​ធ្លី​របស់​ពួក​គេ ហើយ​គួរ​តែ​មាន​កិច្ច​ពិភាក្សា​ជាមួយ​សហគមន៍​ដើម្បី​ធ្វើការ​ចរចា​ព្រមព្រៀង​គ្នា​អំពី​ដំណោះស្រាយ​មួយ​សិន។ យើង​យល់​ថា មួយ​សប្ដាហ៍​មុន​នោះ មាន​ការ​ពិភាក្សា​គ្នា​ជាមួយ​នឹង​អាជ្ញាធរ ហើយ​ក្រុម​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា គេ​ពេញ​ចិត្ត​នឹង​រុះ​រើ​ចេញ បើ​សិន​គេ​បាន​ទទួល​សំណង​សមរម្យ​ដល់​ដី​ធ្លី​នោះ។ ខណៈ​នេះ ខ្ញុំ​គិត​ថា អ្វី​ដែល​រដ្ឋាភិបាល​គប្បី​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ គឺ​ផ្ដល់​ជំនួយ​សង្គ្រោះ​ផ្នែក​មនុស្ស​ធម៌​បន្ទាន់​ដល់​អ្នក​ទាំង​នោះ។ ពលរដ្ឋ​ទាំង​នោះ​បាន​បាត់​បង់​ផ្ទះ​សម្បែង កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​អាហារ​និង​ទឹក ហើយ​គេ​ត្រូវការ​ជា​ចាំបាច់​នូវ​ជំនួយ​រយៈពេល​វែង។ ទាំង​នេះ​ហើយ ដែល​ជា​ករណីយ​កិច្ច​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ប្រឈម​នោះ»

អ្នកស្រី Elaine Pearson បាន​មាន​ប្រសាសន៍​ស្នើ​ទៀត​ថា សូម​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​យក​ជន​ដែល​វាយ​តប់​និង​រំលោភ​ទៅ​លើ​អ្នកស្រុក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់។

កាល​ពី​ថ្ងៃ​អង្គារ ក្រុម​អ្នក​ភូមិ​រង​គ្រោះ​នៃ​តំបន់​ភូមិ​ដី​ក្រហម​បាន​នាំ​ធ្វើ​ដំណើរ​ទៅ​កាន់​អគារ​រដ្ឋ​សភា​ដើម្បី​រក​ការ​ជួយ​ពី​អ្នក​តំណាងរាស្ត្រ។ 

អ្នក​ភូមិ​បាន​និយាយ​ថា ក្នុង​ស្ថានភាព​ដែល​ត្រូវ​អាជ្ញាធរ​បង្ខំ​នេះ ពួក​គេ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ទទួល​យក​សំណើ​ដែល​ក្រុមហ៊ុន 7NG បាន​ដាក់​ចុះ​ឲ្យ​ទទួល​យក​ប្រាក់​២​ម៉ឺន​ដុល្លារ​នោះ​ឡើយ ប៉ុន្តែ​ឥឡូវ​នេះ អ្នក​ស្រុក​ថា សូម្បី​តែ​សំណើ​ឲ្យ​ទទួល​យក​ប្រាក់​ចំនួន ២​ម៉ឺន​ដុល្លារ​នោះ ក៏​ក្រុមហ៊ុន​បាន​បដិសេធ​មិន​ព្រម​ប្រគល់​ឲ្យ​ថែម​ទៀត។ 

នៅ​រាត្រី​ថ្ងៃ​អង្គារ ក្រុម​អ្នក​ស្រុក​តវ៉ា​ត្រូវ​ក្រុម​រក្សា​សន្តិសុខ​ប្រដាប់​ដោយ​អាវុធ​បាន​បណ្តេញ​ចេញ​ពី​មុខ​អគារ​រដ្ឋសភា ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ មករា ក៏​បាន​នាំ​គ្នា​មក​រក​ការ​ជួយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី។ 

អ្នកស្រុក​ដែល​ត្រូវ​គេ​វាយ​ក្នុង​អំពើ​រំលោភ​យក​ដី បាន​ថ្លែង​ថា នៅ​ក្នុង​ការ​នាំ​គ្នា​កាល​ពី​ថ្ងៃ​ពុធ កន្លង​មក​នេះ ទៅ​រក​ការ​ជួយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពួក​គេ​បាន​យក​ញ្ញត្តិ​ទៅ​ប្រគល់​ជូន​ដល់​កន្លែង​ធ្វើការ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ហើយ។ 

អ្នក​ភូមិ​ម្នាក់​បាន​អំពាវនាវ​រក​ការ​ជួយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​យ៉ាង​នេះ​ថា ៖ «សូម​អំពាវនាវ​ដល់​សម្ដេច​នាយក​រដ្ឋមន្ត្រី ដែល​លោក​បាន​សម្បទាន​ដី​ឲ្យ​កូន​ចៅ​តាំង​ពី​ឆ្នាំ​២០០៣ សូម​សម្ដេច​មេត្តា​ជួយ​កូន​ចៅ​ផង ព្រោះ​ដី​នេះ​ជា​ដី​សម្ដេច​សម្បទាន»

រហូត​មក​ទល់​ថ្ងៃ​ពុធ ដំណោះស្រាយ​ចំពោះ​ជន​រង​គ្រោះ​នៅ​តំបន់​ដី​ក្រហម ដែល​គ្មាន​ផ្ទះ​សម្បែង នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ។ 

កាល​ពី​ក្នុង​សប្តាហ៍​នេះ​ដែរ អភិបាល​រង​រាជ​ធានី​ភ្នំពេញ លោក ម៉ាន់ ឈឿន បាន​មាន​ប្រសាសន៍​ថា គេ​គ្រោង​នឹង​ដឹក​ជញ្ជូន​យក​ប្រជាពលរដ្ឋ​ទាំង​នោះ ឲ្យ​ទៅ​រស់​នៅ​ក្នុង​តំបន់​ជាយ​ក្រុង​ភ្នំពេញ ឈ្មោះ​តំបន់​បុរី​សន្តិភាព​២​នៃ​ខណ្ឌ​ដង្កោ៕ 

1 comment:

  1. ខ្ញុំតែងតែគិតថាការថ្កោលទោសហាក់គ្មានប្រយោជន៍អ្វីប៉ុន្មានទេសំរាប់ប្រជារាស្រ្តដែលរងគ្រោះ។ ដូចជាបានត្រឹមថ្កោលទោស អ្នករំលោភនៅតែស្ថិតនៅក្នុងភាពលំបាក ចំណែកអ្នកប្រព្រឹត្តិអាក្រក់នៅតែមានសេចក្តីសុខទ្វេរឡើង។

    ReplyDelete