Saturday, January 24, 2009

អាជ្ញាធរ​ក្រុង​រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​ដី​ក្រហម​ដើម្បី​បណ្ដេញ​ចេញ

2009-01-24

អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ជួល​កម្មករ​រាប់​រយ​នាក់​និង​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង​ឲ្យ​សម្រុក​ចូល​រុះ​ឈូស​កម្ទេច​ផ្ទះ​អ្នក​ភូមិ​នៅ​តំបន់​ដីក្រហម​ដើម្បី​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ដី​ទំហំ​ប្រមាណ​ជិត​៤​ហិកតារ។

RFA Photo/Ouk Savborey

កម្មករ​រុះរើ​ផ្ទះ​អ្នក​ភូមិ​នៅ​តំបន់​ដី​ក្រហម​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​២៤ មករា ២០០៩។

កម្មករ​ច្រើន​រយ​នាក់​ពាក់​អាវ​ពណ៌​ត្រួយចេក ពណ៌​ក្រហម ពណ៌​ខៀវ និង​គ្រឿង​ចក្រ​ច្រើន​គ្រឿង បាន​សម្រុក​ចូល​រុះ​ឈូស​កម្ទេច​និង​វាយ​បំបែក​ផ្ទះ​ឈើ​និង​ផ្ទះ​ថ្ម​នៅ​តំបន់​ដី​ក្រហម​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចម្ការមន តាំង​ពី​ព្រលឹម​ស្រាងៗ​នៃ​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មករា ឆ្នាំ​២០០៩ ក្នុង​ការបណ្តេញ​ពលរដ្ឋ​ឲ្យ​ចេញ​ពី​តំបន់​នោះ​ចុង​ក្រោយ​ដែល​នឹង​យក​ដី​ទំហំ​៣,៧​ហិកតារ​ទៅ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន 7NG។

ផ្ទះ​ឈើ​និង​ថ្ម​ជាង​១០០​ខ្នង​ត្រូវ​បាន​រុះរើ​ឈូស​និង​វាយ​កម្ទេច​ទាំង​ស្រុង​នៅ​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃ​សៅរ៍។

អ្នក​មិន​បាន​ដឹង​ខ្លួន​ជា​មុន​បាន​ស្រវា​សម្ភារៈ​និង​កូន​តូចៗ​រត់​ចេញ​ពី​ផ្ទះ​ទំាង​មមី​មមើ​ដោយ​មិន​តវ៉ា​ក្រៅពី​ភាព​ស្រឡាំង​កាំង។ មិន​តែ​ប៉ុណ្ណោះ​ក្រុម​កម្មករ​វាយ​អ្នក​ស្រុក​ឲ្យ​មាន​របួស​ក្នុង​នោះ​មាន​មន្រ្តី​អង្គការ​លីកាដូ​ម្នាក់​ដែរ​ដែល​រង​របួស​និង​ស្រ្តី​២​នាក់​សន្លប់​ដែល​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្រ្គោះ​ទៅ​មន្ទីរពេទ្យ​និង​៥​នាក់​របួស​ត្រូវ​ក្រុម​គ្រូ​ពេទ្យ​របស់​អង្គការ​លីកាដូ​ជួយ​ព្យាបាល និង​ប្រជាជន​មួយចំនួន​ទៀត​រង​នូវ​ផ្សែង​ពុល​ធ្វើ​ឲ្យ​ចេញ​ទឹក​ភ្នែក។

ម្ចាស់​ផ្ទះ​រង​នូវ​ការកម្ទេច​អះអាង​ថា ៖ «ពួក​ខ្ញុំ​២​ម៉ឺន​នរណា​មិន​ចង់​បាន តែ​ប៉ុណ្ណឹង​ខ្ញុំ​គ្រប់គ្រាន់​ហើយ។ ខ្ញុំ​ចង់​លក់​ហើយ គេ​ថា​គេ​អត់​ទិញ​ទេ»

ស្រ្តី​ម្នាក់​ទៀត​អះអាង​ថា គ្មាន​ការចរចា​ឲ្យ​ប្រាក់​២​ម៉ឺន​ដុល្លារ​និង​ផ្ទះ​ដល់​គ្រួសារ​គាត់​ឡើយ ៖ «អត់​ដឹង​ទៅ​នៅ​ទី​ណា​ទេ។ ឥឡូវ​កំពុង​ទៅ​រក​ជួល​ផ្ទះ​គេ​ដាក់​អីវ៉ាន់​សិន»

បុរស​វ័យ​ចាស់​និយាយ​ថា ៖ «ចោរ... ឈ្មួញ​វា​ប្លន់ រក​កន្លែង​ណា​និយាយ​វា​មិន​រួច»

និស្សិត​នារី​ម្នាក់​សោកសង្រេង​នឹង​ទ្រព្យ​សម្បត្តិ​ផ្ទះ​ធ្លាប់​រស់នៅ​និយាយ​ថា ៖ «ប្រជាជន​ដូច​ជា​សំរាម​ក្នុង​បាត​ជើង​គាត់ គាត់​ចង់​កៀរ​ចេញ​ទៅ​ណា​ក៏​ជា​រឿង​របស់​គាត់ ប្រជាជន​អត់​មាន​សិទ្ធិ​ផង​ហ្នឹង ដូច​ពេល​ហ្នឹង​អ៊ីចឹង»

មន្រ្តី​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​រង​របួស លោក វណ្ណ សុផាត អះអាង​ថា ក្រុម​កម្មករ​វាយ​និង​បោក​ទូរស័ព្ទ​ដៃ​ធ្វើ​ឲ្យ​ខូច​ខណៈ​គាត់​ចូល​ជួយ​ស្រ្តី​មួយចំនួន​ដែល​ក្រុម​កម្មករ​វាយ​បណ្តេញ​ឲ្យ​ចេញ​ពី​ផ្ទះ។

មន្រ្តី​ស៊ើប​អង្កេត​អង្គការ​លីកាដូ លោក អំ សំអាត អះអាង​ថា ផ្ទះ​ឈើ​និង​ថ្ម​១៥២​ខ្នង​ត្រូវ​បាន​កម្ទេច​ក្នុង​ព្រឹក​ថ្ងៃ​សៅរ៍​ទាំង​ស្រុង។

លោក​បន្ត​ថា មុន​មាន​ការបណ្តេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​ដី​ក្រហម​ប្លុក​ប៊ូឌិញ ក្រុមហ៊ុន​និង​មន្រ្តី​សាលា​ក្រុង​បាន​ធ្វើការ​ចរចា​ច្រើន​ដង​ជាមួយ​អ្នក​ស្រុក​ឲ្យ​ចាកចេញ​ដោយ​សន្យា​ផ្តល់​ប្រាក់​២​ម៉ឺន​ដុល្លារ​និង​ផ្ទះ​មួយ​នៅ​ភូមិ​ដំណាក់ត្រយឹង សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ប៉ុន្តែ​អ្នក​ស្រុក​សុំ​ពន្យារ​ការចរចា ស្រាប់​តែ​មាន​ការប្រើ​ហិង្សា​បណ្តេញ​នៅ​ពេល​នេះ។

វិទ្យុ​អាស៊ីសេរី​សុំ​ការបំភ្លឺ​ពី​ការបណ្តេញ​ពលរដ្ឋ​នេះ ប៉ុន្តែ​មន្រ្តី​សាលា​ក្រុង​និង​ខណ្ឌ​នានា​និង​តំណាង​ក្រុមហ៊ុន 7NG មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។

លោក អំ សំអាត បន្ត​ថា មនុស្ស​ជិត​២០០​គ្រួសារ​ដែល​បាន​ដឹក​ចេញ​ពី​តំបន់​ដី​ក្រហម​ប្លុក​ប៊ូឌិញ​ដោយ​រថយន្ត​របស់​សាលា​ក្រុង​ទៅ​ឲ្យ​រស់​នៅ​ភូមិ​តំណាក់ត្រយឹង​នោះ ខាង​ក្រុមហ៊ុន 7NG ទទួល​ស្គាល់​តែ​៩១​គ្រួសារ​ទេ នៅ​សល់​ប៉ុន្មាន​គេ​ទុក​ឲ្យ​នៅ​តាម​ចញ្ចើម​ផ្លូវ​នៃ​ភូមិ​នោះ។

លោក​ថា មាន​ក្រុម​គ្រួសារ​ជាង​២០​បាន​ស្នើសុំ​ស្បៀង​និង​សម្ភារៈ​ប្រើប្រាស់​ពី​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​នេះ​ដោយ​ពួក​គេ​រង​នូវ​ការបង្ខំ​ឲ្យ​ចាកចេញ​និង​រុះ​កម្ទេច​ទ្រព្យ​សម្បត្តិ​អស់៕

2 comments:

  1. គ្មានទេយុត្តិធ៌!​ មនុស្សមិនខុសពីសត្វទេ។ សត្វធំស៊ីសត្វតូច។

    ហ្អេៗៗៗៗៗ

    ReplyDelete