ដោយ អ៊ុក សាវបូរី
2009-01-31
ប្រជាពលរដ្ឋជាង១០០គ្រួសារក្រោយពីការជម្លៀសពីតំបន់ដីក្រហមឬភូមិ១៥តាំងពីថ្ងៃ២៤ ខែមករា មកដល់ថ្ងៃ៣០ ខែមករានេះ នៅរង់ចាំការដោះស្រាយជម្រកនិងថវិកាពីក្រុមហ៊ុន 7NG និងអាជ្ញាធរក្រុងភ្នំពេញ។
ស្រ្តីដែលមានកូនខ្ចីសម្រាកលើគ្រែបាក់បែកនិងក្រោមដំបូលភួយមុខបុរីសន្តិភាពបាននិយាយថា ៖ «វាពិបាកណាស់មិនដឹងជាគេដោះស្រាយឬអត់ទេ!»។
ស្រ្តីមេម៉ាយម្នាក់ទៀតប្រាប់ថា ក្រោយការជម្លៀសពីតំបន់ដីក្រហមនាថ្ងៃ២៤ ខែមករា ដោយគ្មានដំណោះស្រាយនិងជម្រករួមទាំងថវិកា២ម៉ឺនដុល្លារផងនោះពួកគាត់បានធ្វើការតវ៉ានៅមុខរដ្ឋសភានិងនៅផ្ទះនាយករដ្ឋមន្រ្តីខ្មែរ។ ពួកគាត់ជាង១០០គ្រួសារបានដាក់ពាក្យប្តឹងសុំឲ្យសាលាក្រុងភ្នំពេញនិងក្រុមហ៊ុន 7NG ដោះស្រាយតាមការសន្យា។
ស្ត្រីម៉េម៉ាយដដែលបានឲ្យដឹងថា ៖ «ឥឡូវគេយកមក គេយកមកចាក់ចោលអ៊ីចឹង ប៉ុន្តែមិនដឹងថាថ្ងៃក្រោយគេដោះស្រាយយ៉ាងម៉េច! ឥឡូវឮគេថា គេយកឈ្មោះតែ១១៣គ្រួសារទេ តែមិនដឹងមានពួកខ្ញុំឬមិនមាន អត់ដឹងទេ... ព្រោះអីថ្ងៃមុនគេដើរចែកអំណោយ ខ្លះគេថាបានក្រដាសអំណោយហ្នឹងទើបបានកន្លែងផ្សារហ្នឹងដែរ។ ឥឡូវគេថាស្អែកហ្នឹងគេដោះស្រាយ បើសិនអ្នកណាអត់មានឈ្មោះគេដេញចេញពីហ្នឹងទៀត»។
វិទ្យុអាស៊ីសេរីបានទាក់ទងសុំការបំភ្លឺដល់ការិយាល័យទាំងពីររបស់ក្រុមហ៊ុន 7NG នៅដង្កោនិងនៅក្រុងភ្នំពេញ បុគ្គលិកទាំងអស់សុទ្ធតែប្រាប់ថា ប្រធានក្រុមហ៊ុនមិនមានវត្តមានទេ។ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអាជ្ញាធរក្រុងភ្នំពេញជម្រាបសួរព័ត៌មានពីការជម្លៀសនៅថ្ងៃសុក្របានភ្លាមៗទេ។
ឆ្លើយតបនឹងការទន្ទឹងរង់ចាំរបស់ក្រុមអ្នករងនូវការជម្លៀសពីតំបន់ដីក្រហមឬភូមិ១៥ មន្រ្តីជាន់ខ្ពស់ខុទ្ទកាល័យនាយរដ្ឋមន្រ្តី ហ៊ុន សែន គឺលោក លឹម លាងសែ មានប្រសាសន៍នៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០០៩ ថា ៖ «ឥឡូវនេះយើងបានទៅសាលាក្រុងនិងក្រុមហ៊ុន ព្រោះគាត់ថាគាត់មានឈ្មោះក្នុងបញ្ជីដែលត្រូវទទួលគោលនយោបាយហ្នឹងដែរ ប៉ុន្តែទាល់តែមានក្រុមហ៊ុននិងសាលាក្រុងគេផ្ទៀងផ្ទាត់មើលបញ្ជីឈ្មោះសិន តើពួកគាត់១១៦នាក់ហ្នឹងមានឈ្មោះក្នុងបញ្ជីដែលគេទទួលស្គាល់ដែរឬអត់...។ អ៊ីចឹងបើសិនជាគាត់មានឈ្មោះក្នុងបញ្ជីហ្នឹង អាហ្នឹងគាត់ទទួលបានផ្ទះមួយល្វែងហ្នឹងហើយ។ តែកន្លងមកសាលាក្រុងបានដោះដូរឲ្យគាត់ទៅនៅទីតាំងថ្មីហ្នឹងណា៎ ដូចជាបានទៅនៅច្រើនហើយ អ៊ីចឹងមិនដឹងថានៅសេសសល់ប៉ុន្មានទៀតដែលមិនទាន់បានទៅនៅហ្នុងណា៎»។
ចំណែកតំណាងរាស្រ្តមណ្ឌលក្រុងភ្នំពេញ លោក ហូរ វ៉ាន់ មានប្រសាសន៍ថា បានទទួលយកពាក្យប្តឹងតវ៉ាសុំឲ្យមានសំណងត្រឹមត្រូវមុនអាជ្ញាធរក្រុងនិងក្រុមហ៊ុន 7NG បង្ខំបណ្តេញមនុស្សចេញពីលំនៅឋានដាក់ជូនប្រធានសភាជាតិរួចហើយ។
ទន្ទឹមនឹងនោះដែរអង្គការការពារសិទ្ធិមនុស្សលីកាដូបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រ ទី៣០ ខែមករានេះ ថា សូមឲ្យសាលាក្រុងនិងក្រុមហ៊ុនឆាប់ដោះស្រាយតាមការសន្យាផ្តល់ប្រាក់២ម៉ឺនដុល្លារនិងផ្ទះមួយល្វែងដល់គ្រួសារដែលរងនូវការជម្លៀសកាលពីថ្ងៃ២៤ មករានេះ។
លោក អំ សំអាត បានបន្តថា ក្នុងផ្ទះ១៥២ខ្នងដែលត្រូវបានកម្ទេចកាលពីថ្ងៃទី២៤ ក្រុមហ៊ុនទទួលស្គាស់តែ៩១ខ្នង គឺជាការរំលោភសិទ្ធិមនុស្សនិងរំលោភសិទ្ធិមានលំនៅឋានរបស់ប្រជាជន៕
No comments:
Post a Comment