ដោយ ម៉ាយ៉ារិទ្ធិ
2009-01-29
ការបណ្តេញដោយប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋនៅតំបន់ដីក្រហម រាជធានីភ្នំពេញ បានញ៉ាំងឲ្យមានការថ្កោលទោសពីក្រុមសិទ្ធិមនុស្សទាំងក្នុងនិងក្រៅស្រុក។
អំពើហិង្សាដោយក្រុមប្រដាប់អាវុធនិងក្រុមអ្នកស៊ីឈ្នួលរុះរើ កាលពីថ្ងៃទី២៤ មករា បានធ្វើឲ្យមានអ្នកស្រុករងរបួសដោយសារតែការប្រើដំបងវាយដំ ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បណ្តេញអ្នកភូមិជាង ១៥០គ្រួសារ ដែលរស់នៅក្នុងតំបន់នោះ។
កាលពីថ្ងៃពុធ (ទី២៨ មករា ២០០៩) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសអំពើរំលោភនោះ និងចាត់ទុកថាជាសកម្មភាពបំពានសិទ្ធិអ្នកស្រុកក្នុងការរស់នៅលើដីរបស់ពួកគេ។
ជនរងគ្រោះម្នាក់ដែលត្រូវក្រុមប្រដាប់អាវុធបានវាយធ្វើបាបនៅពេលនោះ បានរំឭកព្រឹត្តិការណ៍សាឡើងវិញយ៉ាងដូច្នេះ ៖ «ខ្ញុំអត់បានដឹងខ្លួនទេ ថ្ងៃហ្នុង ព្រលឹមឡើង កូនវាភ្ញាក់មុនខ្ញុំ ចេញទៅវាឮសំឡេងកាប់រុះផ្ទះ ... កូនវារត់ចូលទៅហៅ ទើបបានខ្ញុំប្រវេប្រវាស្លៀកក្រមា រួចខ្ញុំរត់ចេញមក ខ្ញុំបើកទ្វារ។ ខាងក្រុមហ៊ុនដូចជាចំណាំមុខយើង ដូចគេគុំគួនអ៊ីចឹង មានអាជ្ញាធរប៉ូលិស ប៉េអឹម នៅឈរពេញមុខផ្ទះហ្នឹង ដល់ហើយ គេចង្អុលមកខ្ញុំថា ហ្នឹងហើយៗ ស្រាប់តែគេចាប់ទាញខ្ញុំចេញយកមកវ៉ៃ ទាញទាំងប្រពន្ធខ្ញុំដែលមានផ្ទៃពោះ ៧ខែ ទាញបោចសក់ វ៉ៃខ្ញុំទាល់តែខ្ញុំលេចអាចម៍ លេចនោម។ ខ្ញុំសួរថា តើខ្ញុំខុសអី គ្រាន់តែខ្ញុំបើកទ្វារចេញ?»។
ម៉ាយ៉ារិទ្ធិ ៖ តើអ្នកវាយលោកហ្នឹង ជាប៉ូលិស ជាប៉េអឹម ជាមនុស្សដែលគេជួលមក ឬក៏ជាអ្នកណា តើលោកស្គាល់ឈ្មោះដែរឬទេ?
ជនរងគ្រោះ ៖ ខ្ញុំអត់បានស្គាល់ឈ្មោះទេ ពេលនោះខ្ញុំស្រឡាំងកាំង ព្រោះខ្លាចគ្រោះថ្នាក់ដល់ប្រពន្ធខ្ញុំ ព្រោះប្រពន្ធខ្ញុំមានផ្ទៃពោះ ៧ខែជាងហើយ ជិតចូល ៨ខែ។ គេវ៉ៃខ្ញុំឡើងងងឹតមុខ ងងឹតមាត់អស់ អ៊ីចឹងខ្ញុំមិនអាចចំណាំបានទេ ប៉ុន្តែឯកសណ្ឋានគឺប៉ូលិសនិងប៉េអឹម (កងរាជអាវុធហត្ថ)។
ម៉ាយ៉ារិទ្ធិ ៖ តើគេវាយលោកនឹងអ្វីដែរ?
ជងរងគ្រោះ ៖ វ៉ៃដៃខ្ញុំ និងវ៉ៃនឹងស្វាយកាំភ្លើង ចូលថ្គាមខ្ញុំ ឥឡូវនៅតែហើម រួចហើយធាក់ខ្ញុំបណ្ដួលទៅដី។ ខ្លួនខ្ញុំប្រៀបដូចជាបាល់ទាត់អ៊ីចឹង ទាត់ខ្ញុំថ្ងៃហ្នុងត្រូវពេញខ្លួន រួចហើយវ៉ៃខ្នោះ [ដាក់ខ្នោះ] ខ្ញុំហើយ ហើយទាញខ្ញុំទៅខាងណោះនៃផ្លូវ។
ម៉ាយ៉ារិទ្ធិ ៖ តើភរិយារបស់លោកដែលពោះធំ រហូតមកទល់នឹងពេលនេះ តើមានអ្វីដែលប៉ះទង្គិចដល់កូនក្នុងពោះ ដែរឬទេ?
ជនរងគ្រោះ ៖ ប្រពន្ធខ្ញុំ តាំងពីថ្ងៃហ្នុងមក បានពេទ្យខាងអង្គការដឹកយកទៅមើល ឥឡូវរាងធូរស្រាលបន្តិចហើយ ហើយជើងមានស្នាមជាំដូចជាត្រូវគេទាត់ដែរ។
ជនរងគ្រោះដដែលបានបន្តទៀតថា ការលុកលុយរបស់ក្រុមប្រដាប់អាវុធនិងក្រុមអ្នកស៊ីឈ្នួលរុះផ្ទះ កាលពីថ្ងៃទី២៤ មករានោះ មិនត្រឹមតែមានអំពើកម្រោលហិង្សាប៉ុណ្ណោះទេ គឺរួមមានទាំងអំពើលួចប្លន់នោះថែមទៀត ៖ «ប្លន់អីវ៉ាន់ គឺក្រុមហ៊ុន 7NG វាជួលកម្មករអាវលឿង អាវខៀវ អាវក្រហម ដែលផែនការវាដាក់មកហ្នឹង គឺពួកវាមានសម្បកទៃថ្មីៗសម្រាប់ដាក់អីវ៉ាន់លីចេញៗ តែម្ដង។ អស់រលីងតែម្ដង អីវ៉ាន់របស់ខ្ញុំ គ្រាន់តែខ្ញុំទិញស្តុក មួយស្តុកហ្នឹងអស់ជាង ១០លាន[រៀល] អស់រលីងពីខ្លួន។ ខ្ញុំបារម្ភពីប្រពន្ធខ្ញុំ ព្រោះពេលដែលខ្ញុំប្រតាយប្រតប់ជាមួយជាមួយខាងប៉ូលិសហ្នឹង ពេលគេចាប់ខ្ញុំហើយខ្ញុំខំរើហ្នឹង គឺខ្ញុំជួយប្រពន្ធខ្ញុំ ប្រពន្ធខ្ញុំជួយខ្ញុំ ដល់អ៊ីចឹងទៅ ប្រតាយប្រតប់គ្នាទៅ ខ្ញុំខ្លាចប្រពន្ធខ្ញុំមានគ្រោះថ្នាក់ ខ្ញុំក៏ចេះតែបណ្ដោយខ្លួនទៅ»។
មន្ត្រីនៃការិយាល័យសិទ្ធិមនុស្សរបស់អង្គការ Human Rights Watch នៅថ្ងៃពុធកន្លងមកនេះដែរ បានថ្កោលទោសអំពើរំលោភទៅលើអ្នកស្រុកនោះ។
អនុប្រធានប្រចាំការិយាល័យអាស៊ីនៃអង្គការHuman Rights Watch អ្នកស្រី Elaine Pearson បានមានប្រសាសន៍ស្នើយ៉ាងនេះថា ៖ «អ្វីដែលយើងប្រាថ្នាចង់ឲ្យរដ្ឋាភិបាលធ្វើនោះ គឺបញ្ឈប់ការបណ្ដេញប្រជាពលរដ្ឋចេញពីដីធ្លីរបស់ពួកគេ ហើយគួរតែមានកិច្ចពិភាក្សាជាមួយសហគមន៍ដើម្បីធ្វើការចរចាព្រមព្រៀងគ្នាអំពីដំណោះស្រាយមួយសិន។ យើងយល់ថា មួយសប្ដាហ៍មុននោះ មានការពិភាក្សាគ្នាជាមួយនឹងអាជ្ញាធរ ហើយក្រុមប្រជាពលរដ្ឋបានប្រាប់ថា គេពេញចិត្តនឹងរុះរើចេញ បើសិនគេបានទទួលសំណងសមរម្យដល់ដីធ្លីនោះ។ ខណៈនេះ ខ្ញុំគិតថា អ្វីដែលរដ្ឋាភិបាលគប្បីធ្វើនៅពេលឥឡូវនេះ គឺផ្ដល់ជំនួយសង្គ្រោះផ្នែកមនុស្សធម៌បន្ទាន់ដល់អ្នកទាំងនោះ។ ពលរដ្ឋទាំងនោះបានបាត់បង់ផ្ទះសម្បែង កំពុងប្រឈមមុខនឹងកង្វះខាតអាហារនិងទឹក ហើយគេត្រូវការជាចាំបាច់នូវជំនួយរយៈពេលវែង។ ទាំងនេះហើយ ដែលជាករណីយកិច្ចដែលរដ្ឋាភិបាលត្រូវតែប្រឈមនោះ»។
អ្នកស្រី Elaine Pearson បានមានប្រសាសន៍ស្នើទៀតថា សូមឲ្យរាជរដ្ឋាភិបាលកម្ពុជាយកជនដែលវាយតប់និងរំលោភទៅលើអ្នកស្រុកយកមកផ្តន្ទាទោសតាមច្បាប់។
កាលពីថ្ងៃអង្គារ ក្រុមអ្នកភូមិរងគ្រោះនៃតំបន់ភូមិដីក្រហមបាននាំធ្វើដំណើរទៅកាន់អគាររដ្ឋសភាដើម្បីរកការជួយពីអ្នកតំណាងរាស្ត្រ។
អ្នកភូមិបាននិយាយថា ក្នុងស្ថានភាពដែលត្រូវអាជ្ញាធរបង្ខំនេះ ពួកគេគ្មានជម្រើសអ្វីក្រៅពីការទទួលយកសំណើដែលក្រុមហ៊ុន 7NG បានដាក់ចុះឲ្យទទួលយកប្រាក់២ម៉ឺនដុល្លារនោះឡើយ ប៉ុន្តែឥឡូវនេះ អ្នកស្រុកថា សូម្បីតែសំណើឲ្យទទួលយកប្រាក់ចំនួន ២ម៉ឺនដុល្លារនោះ ក៏ក្រុមហ៊ុនបានបដិសេធមិនព្រមប្រគល់ឲ្យថែមទៀត។
នៅរាត្រីថ្ងៃអង្គារ ក្រុមអ្នកស្រុកតវ៉ាត្រូវក្រុមរក្សាសន្តិសុខប្រដាប់ដោយអាវុធបានបណ្តេញចេញពីមុខអគាររដ្ឋសភា ហើយនៅព្រឹកថ្ងៃពុធ ទី២៨ មករា ក៏បាននាំគ្នាមករកការជួយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកស្រុកដែលត្រូវគេវាយក្នុងអំពើរំលោភយកដី បានថ្លែងថា នៅក្នុងការនាំគ្នាកាលពីថ្ងៃពុធ កន្លងមកនេះ ទៅរកការជួយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពួកគេបានយកញ្ញត្តិទៅប្រគល់ជូនដល់កន្លែងធ្វើការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះហើយ។
អ្នកភូមិម្នាក់បានអំពាវនាវរកការជួយពីលោកនាយករដ្ឋមន្ត្រីយ៉ាងនេះថា ៖ «សូមអំពាវនាវដល់សម្ដេចនាយករដ្ឋមន្ត្រី ដែលលោកបានសម្បទានដីឲ្យកូនចៅតាំងពីឆ្នាំ២០០៣ សូមសម្ដេចមេត្តាជួយកូនចៅផង ព្រោះដីនេះជាដីសម្ដេចសម្បទាន»។
រហូតមកទល់ថ្ងៃពុធ ដំណោះស្រាយចំពោះជនរងគ្រោះនៅតំបន់ដីក្រហម ដែលគ្មានផ្ទះសម្បែង នៅមិនទាន់បានដោះស្រាយនៅឡើយទេ។
កាលពីក្នុងសប្តាហ៍នេះដែរ អភិបាលរងរាជធានីភ្នំពេញ លោក ម៉ាន់ ឈឿន បានមានប្រសាសន៍ថា គេគ្រោងនឹងដឹកជញ្ជូនយកប្រជាពលរដ្ឋទាំងនោះ ឲ្យទៅរស់នៅក្នុងតំបន់ជាយក្រុងភ្នំពេញ ឈ្មោះតំបន់បុរីសន្តិភាព២នៃខណ្ឌដង្កោ៕
ខ្ញុំតែងតែគិតថាការថ្កោលទោសហាក់គ្មានប្រយោជន៍អ្វីប៉ុន្មានទេសំរាប់ប្រជារាស្រ្តដែលរងគ្រោះ។ ដូចជាបានត្រឹមថ្កោលទោស អ្នករំលោភនៅតែស្ថិតនៅក្នុងភាពលំបាក ចំណែកអ្នកប្រព្រឹត្តិអាក្រក់នៅតែមានសេចក្តីសុខទ្វេរឡើង។
ReplyDelete