ដោយ អ៊ុក សាវបូរី វិទ្យុអាស៊ីសេរី
2009-01-24
អាជ្ញាធរក្រុងភ្នំពេញបានជួលកម្មកររាប់រយនាក់និងគ្រឿងចក្រជាច្រើនគ្រឿងឲ្យសម្រុកចូលរុះឈូសកម្ទេចផ្ទះអ្នកភូមិនៅតំបន់ដីក្រហមដើម្បីបណ្តេញពលរដ្ឋចេញពីដីទំហំប្រមាណជិត៤ហិកតារ។
កម្មករច្រើនរយនាក់ពាក់អាវពណ៌ត្រួយចេក ពណ៌ក្រហម ពណ៌ខៀវ និងគ្រឿងចក្រច្រើនគ្រឿង បានសម្រុកចូលរុះឈូសកម្ទេចនិងវាយបំបែកផ្ទះឈើនិងផ្ទះថ្មនៅតំបន់ដីក្រហមនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន តាំងពីព្រលឹមស្រាងៗនៃថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០០៩ ក្នុងការបណ្តេញពលរដ្ឋឲ្យចេញពីតំបន់នោះចុងក្រោយដែលនឹងយកដីទំហំ៣,៧ហិកតារទៅអភិវឌ្ឍដោយក្រុមហ៊ុន 7NG។
ផ្ទះឈើនិងថ្មជាង១០០ខ្នងត្រូវបានរុះរើឈូសនិងវាយកម្ទេចទាំងស្រុងនៅម៉ោងជាង១០ព្រឹកថ្ងៃសៅរ៍។
អ្នកមិនបានដឹងខ្លួនជាមុនបានស្រវាសម្ភារៈនិងកូនតូចៗរត់ចេញពីផ្ទះទំាងមមីមមើដោយមិនតវ៉ាក្រៅពីភាពស្រឡាំងកាំង។ មិនតែប៉ុណ្ណោះក្រុមកម្មករវាយអ្នកស្រុកឲ្យមានរបួសក្នុងនោះមានមន្រ្តីអង្គការលីកាដូម្នាក់ដែរដែលរងរបួសនិងស្រ្តី២នាក់សន្លប់ដែលត្រូវបានបញ្ជូនតាមរថយន្តសង្រ្គោះទៅមន្ទីរពេទ្យនិង៥នាក់របួសត្រូវក្រុមគ្រូពេទ្យរបស់អង្គការលីកាដូជួយព្យាបាល និងប្រជាជនមួយចំនួនទៀតរងនូវផ្សែងពុលធ្វើឲ្យចេញទឹកភ្នែក។
ម្ចាស់ផ្ទះរងនូវការកម្ទេចអះអាងថា ៖ «ពួកខ្ញុំ២ម៉ឺននរណាមិនចង់បាន តែប៉ុណ្ណឹងខ្ញុំគ្រប់គ្រាន់ហើយ។ ខ្ញុំចង់លក់ហើយ គេថាគេអត់ទិញទេ»។
ស្រ្តីម្នាក់ទៀតអះអាងថា គ្មានការចរចាឲ្យប្រាក់២ម៉ឺនដុល្លារនិងផ្ទះដល់គ្រួសារគាត់ឡើយ ៖ «អត់ដឹងទៅនៅទីណាទេ។ ឥឡូវកំពុងទៅរកជួលផ្ទះគេដាក់អីវ៉ាន់សិន»។
បុរសវ័យចាស់និយាយថា ៖ «ចោរ... ឈ្មួញវាប្លន់ រកកន្លែងណានិយាយវាមិនរួច»។
និស្សិតនារីម្នាក់សោកសង្រេងនឹងទ្រព្យសម្បត្តិផ្ទះធ្លាប់រស់នៅនិយាយថា ៖ «ប្រជាជនដូចជាសំរាមក្នុងបាតជើងគាត់ គាត់ចង់កៀរចេញទៅណាក៏ជារឿងរបស់គាត់ ប្រជាជនអត់មានសិទ្ធិផងហ្នឹង ដូចពេលហ្នឹងអ៊ីចឹង»។
មន្រ្តីសិទ្ធិមនុស្សលីកាដូដែលរងរបួស លោក វណ្ណ សុផាត អះអាងថា ក្រុមកម្មករវាយនិងបោកទូរស័ព្ទដៃធ្វើឲ្យខូចខណៈគាត់ចូលជួយស្រ្តីមួយចំនួនដែលក្រុមកម្មករវាយបណ្តេញឲ្យចេញពីផ្ទះ។
មន្រ្តីស៊ើបអង្កេតអង្គការលីកាដូ លោក អំ សំអាត អះអាងថា ផ្ទះឈើនិងថ្ម១៥២ខ្នងត្រូវបានកម្ទេចក្នុងព្រឹកថ្ងៃសៅរ៍ទាំងស្រុង។
លោកបន្តថា មុនមានការបណ្តេញពលរដ្ឋចេញពីតំបន់ដីក្រហមប្លុកប៊ូឌិញ ក្រុមហ៊ុននិងមន្រ្តីសាលាក្រុងបានធ្វើការចរចាច្រើនដងជាមួយអ្នកស្រុកឲ្យចាកចេញដោយសន្យាផ្តល់ប្រាក់២ម៉ឺនដុល្លារនិងផ្ទះមួយនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ ប៉ុន្តែអ្នកស្រុកសុំពន្យារការចរចា ស្រាប់តែមានការប្រើហិង្សាបណ្តេញនៅពេលនេះ។
វិទ្យុអាស៊ីសេរីសុំការបំភ្លឺពីការបណ្តេញពលរដ្ឋនេះ ប៉ុន្តែមន្រ្តីសាលាក្រុងនិងខណ្ឌនានានិងតំណាងក្រុមហ៊ុន 7NG មិនធ្វើអត្ថាធិប្បាយទេ។
លោក អំ សំអាត បន្តថា មនុស្សជិត២០០គ្រួសារដែលបានដឹកចេញពីតំបន់ដីក្រហមប្លុកប៊ូឌិញដោយរថយន្តរបស់សាលាក្រុងទៅឲ្យរស់នៅភូមិតំណាក់ត្រយឹងនោះ ខាងក្រុមហ៊ុន 7NG ទទួលស្គាល់តែ៩១គ្រួសារទេ នៅសល់ប៉ុន្មានគេទុកឲ្យនៅតាមចញ្ចើមផ្លូវនៃភូមិនោះ។
លោកថា មានក្រុមគ្រួសារជាង២០បានស្នើសុំស្បៀងនិងសម្ភារៈប្រើប្រាស់ពីអង្គការសិទ្ធិមនុស្សនៅថ្ងៃនេះដោយពួកគេរងនូវការបង្ខំឲ្យចាកចេញនិងរុះកម្ទេចទ្រព្យសម្បត្តិអស់៕
គ្មានទេយុត្តិធ៌! មនុស្សមិនខុសពីសត្វទេ។ សត្វធំស៊ីសត្វតូច។
ReplyDeleteហ្អេៗៗៗៗៗ
YeaH
ReplyDelete