ដោយ អ៊ុក សាវបូរី
2009-02-11
«ខ្ញុំស្ម័គ្រមកគឺដោយទឹកចិត្តខ្ញុំ មានការត្រេកអរ ព្រោះថា ខ្ញុំហ្នឹងរស់នៅលំបាកវេទនាក្នុងប្លុកអនាធិបតេយ្យ ឬក៏រស់នៅមិនថ្លៃថ្នូរអ៊ីចឹង ប៉ុន្តែដល់ពេលឥឡូវ តាំងពីខ្ញុំមករស់នៅដំបូង គឺជីវភាពខ្ញុំបានធូរស្រាល ហើយការរកស៊ីសុខភាពរបស់ខ្ញុំក៏ល្អមាំមួន ហើយក៏គ្មានជំងឺឈឺថ្កាត់អីដែរកូនចៅអី ដូចថាយើងរស់នៅមានកម្មសិទ្ធិត្រឹមត្រូវ មានផ្ទះសម្បែង យើងមិនភ័យខ្លាចអគ្គិភ័យ»។
នេះជាការបញ្ជាក់ពីហេតុការណ៍ផ្ទាល់ខ្លួនរបស់លោក អម ស៊ីឡូ អ្នកស្ម័គ្រចិត្តដូរផ្ទះពីសហគមន៍ដីក្រហមមករស់នៅបុរីសន្តិភាព២ ពីឆ្នាំ២០០៦។ បច្ចុប្បន្ន លោកជាស្មៀននៅភូមិបុរីសន្តិភាព២។
លោក អម ស៊ីឡូ បន្តថា ការរស់នៅដំបូងមានការលំបាកគ្មានប្រាក់ចំណូលឆ្ងាយពីកន្លែងធ្វើការឆ្ងាយពីសាលាកូន គ្មានទឹកស្អាតប្រើ។ ប៉ុន្តែជីវិតត្រូវតស៊ូ ទើបអាចវិវឌ្ឍន៍ការរស់នៅប្រសើរ មានសុខភាពល្អ មានកម្មសិទ្ធិលើផ្ទះ ដែលកំពុងនៅមិនភ័យព្រួយពីការបណ្តេញរស់នៅស្ងប់ស្ងាត់ មិនឮជម្លោះរាល់ថ្ងៃ ដូចនៅសហគមន៍ដីក្រហម។
រីឯអ្នកស្រី ឡេង សុផានី អ្នកស្ម័គ្រចិត្តយកផ្ទះល្វែងនៅបុរីសន្តិភាព២ដែរ ឲ្យដឹងថា នៅសហគមន៍ដីក្រហម គាត់ភ័យព្រួយ រាល់ថ្ងៃខ្លាចភ្លើងឆេះផ្ទះ ដោយផ្ទះគាត់ស្លឹក និងពេលភ្លៀង ទឹកហូរចូលផ្ទះដក់ទឹក រស់នៅគ្មានអនាម័យ។ ប៉ុន្តែការដូរមករស់នៅបុរីសន្តិភាព២ ពីថ្ងៃ១១ ខែ៨ ឆ្នាំ២០០៦ គាត់បានរស់នៅស្អាត មានអនាម័យ។ ប៉ុន្តែគាត់ត្រូវឈប់ធ្វើការនៅអង្គការមិត្តសម្លាញ់មកពីកន្លែងធ្វើការឆ្ងាយពេក។
អ្នកស្រី ឡេង សុផានី មានប្រសាសន៍ដូច្នេះថា ៖ «ផ្ទះហ្នឹងមានតែសម្បកផ្ទះទទេ។ ឥឡូវហ្នឹង គេមានសាលារៀន គេមានមន្ទីរពេទ្យនៅហ្នឹង គេបើកថ្នាំឲ្យយើងកាលណាយើងឈឺខ្លាំង គេនឹងបញ្ជូនយើងទៅកន្លែងពេទ្យពិភពក្រុងពេទ្យសម្ដេចឪ»។
ការដូរទីលំនៅពីសហគមន៍ដីក្រហមមករស់នៅបុរីសន្តិភាព២ តាមបញ្ជីឈ្មោះ កាលពីថ្ងៃច័ន្ទ ទី៩ ខែកុម្ភៈ របស់សាលាក្រុងភ្នំពេញ និងក្រុមហ៊ុន 7NG មានជាង ១.៤០០គ្រួសារ ក្នុងចំណោម ១.៤៦៥គ្រួសារ ដែលបានចាកចេញពីសហគមន៍ដីក្រហមបានព្រមយកផ្ទះ។
ការដោះដូរនោះ ថ្វីត្បិតតែមានគ្រួសារមួយចំនួនធំ ព្រមយកការដោះដូរក៏មានអ្នកមិនព្រមយកផ្ទះល្វែង ជាង ៩០គ្រួសារទៀត ដែលអះអាងថា ដីផ្ទះពួកគេនៅសហគមន៍ដីក្រហមធំជាងដីផ្ទះក្រុមហ៊ុន 7NG ដែសង់សងនៅបុរីសន្តិភាព២។ ហើយពួកគេតវ៉ាឲ្យក្រុមហ៊ុន បើចង់ឲ្យគេចាកចេញ ត្រូវទិញដីតាមតម្លៃទីផ្សារ។ ការចរចាបានពន្យារច្រើនឆ្នាំ ទើបមានការប្រើហិង្សា បង្ខំឲ្យចេញពីសហគមន៍ដីក្រហម ថ្ងៃ២៤ ខែមករា ឆ្នាំ២០០៩។
ក្រោយការឲ្យចាកចេញ អ្នកមិនព្រមយកការកំណត់តម្លៃផ្ទះពីក្រុមហ៊ុននិងសាលាក្រុង ២ម៉ឺនដុល្លារនោះ បែរជាមួយចំនួនព្រមទទួលយកផ្ទះ និងនៅសល់តែជាង ៥០គ្រួសារទៀត សុំយកជាប្រាក់២ម៉ឺនដុល្លារ តាមការសម្រេចឲ្យមុនការបណ្តេញចេញ។
ក្រុមអ្នកតវ៉ា មិនព្រមយកផ្ទះនៅបុរីសន្តិភាព ឲ្យដឹងថា ក្រៅពីប៉ះពាល់ការរស់នៅឆ្ងាយបាត់បង់មុខរបរ ផ្ទះល្វែងផ្ទាល់ដីសង់នៅបុរីសន្តិភាពនោះ ដំបូលប្រេះចេញដែក និងគ្មានទឹកស្អាតប្រើគ្រប់។
អ្នកស្រី សួស សុខុម មានប្រសាសន៍ថា ក្រោយការបណ្តេញឲ្យចេញពីសហគមន៍ដីក្រហមពីថ្ងៃ២៤មក រយៈពេលកន្លះខែមកនេះ គាត់ទើបមកនៅផ្ទះល្វែងនេះ ៣-៤ថ្ងៃនេះទេ។ គាត់ថា បានជាព្រមយកផ្ទះនៅមកពីគ្មានជម្រើស។ ដោយការតវ៉ាច្រើនដង មានអង្គការក្នុងស្រុកច្រើន និងអង្គការសហប្រជាជាតិ ជួយការពារអ្នកក្រផង ក៏គ្មានការដោះស្រាយពីអាជ្ញាធរ ឬក្រុមអ្នកច្បាប់ដែរ។ ហើយការរស់នៅមុខបុរីសន្តិភាព ហាលវាលមូសខាំនៅច្របូកច្របល់ ខ្វះសេចក្តីថ្លៃថ្នូរ ខ្លាចឈឺ ទើបគាត់បង្ខំចិត្តយកផ្ទះទៅ។ អ្នកស្រីថា គាត់ពន្យារមិនព្រមយកផ្ទះ តាមការចរចា ឆ្នាំ២០០៦នោះ មកពីកូនគាត់រៀននៅមហាវិទ្យាល័យ និងវិទ្យាល័យ ហើយបើគាត់ប្តូរមករស់នៅបុរីសន្តិភាព២នេះ ជាយក្រុងផង គ្មានវិទ្យាល័យ និងមហាវិទ្យាល័យសម្រាប់កូនផង។
ក្រោយការបង្ខំឲ្យចេញពីសហគមន៍ដីក្រហម កូនប្រុសគាត់២នាក់ បានបញ្ចប់ការរៀនសូត្រត្រឹមប៉ុណ្ណេះ។ អ្នកស្រីបានឲ្យដឹងទៀតថា គាត់និងប្តីមិនអាចរកស៊ីអ្វីបាន សព្វថ្ងៃដកយកប្រាក់ក្រុមហ៊ុនឧបត្ថម្ភឲ្យជាង ៧៧ម៉ឺនរៀលនោះ ដកចាយរាល់ថ្ងៃ ទិញទឹក ទិញទៀនអុជបំភ្លឺ ទិញអាហារ។ គាត់មិនអាចឲ្យលុយ កូនចាក់សាំងទៅរៀន និងចាយសម្រាប់ហូបបាយ ថ្ងៃត្រង់នៅមហាវិទ្យាល័យនិងវិទ្យាល័យបានទៀតទេ។
អ្នកស្រី សួស សុខុម មានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំមើលទៅផ្ទះហ្នឹងវាសមរម្យសម្រាប់ពួកខ្ញុំនៅបានដែរ តែគ្រាន់តែថា ឥឡូវវាពិបាក ទឹកក៏គ្មាន ភ្លើងក៏គ្មាន សាលារៀនកូនក៏គ្មានថវិកាក៏អត់មានចំណូលចូលមានតែចេញ។ សាលាក្រុងឲ្យពួកខ្ញុំ ៧០ម៉ឺន ខ្ញុំគ្រាន់តែដឹកអីវ៉ាន់មកគ ទិញស្អីៗអស់រលីងបាត់ហើយ គ្មានអ្វីសល់ទេ កូនក៏បោះបង់ការរៀនសូត្រ ខ្ញុំអាណិតកូនណាស់ តែខ្ញុំមិនដឹងធ្វើម៉េច»។
លោក កែវ មុន្នី ឲ្យដឹងថា ក្រុមហ៊ន 7NG បានកត់ឈ្មោះគាត់ឲ្យព្រមយកផ្ទះដែលក្រុមហ៊ុនចង្អុលឲ្យមិនឲ្យមានការជ្រើរើសឡើយ។ ផ្ទះគាត់ទើបចូលនៅនោះ បានប្រេះដំបូលនិងជញ្ជាំងខ្លាំងទៅហើយ។ គាត់បារម្ភពីការបាក់ស្រុតនាពេលខាងមុខ។
លោក កែវ មុន្នី មានប្រសាសន៍ថា ៖ «មកពីប្រើដែកមិនចំស្តង់ដាររបស់វា ការទ្រុឌទ្រោមបាក់សង្កត់ ខ្លាចគឺខ្លាចហើយ ប៉ុន្តែធ្វើម៉េចបើកាលៈទេសៈគេបង្ខំឲ្យយើងមក យើងត្រូវតែមក»។
បុរសឈ្មោះ ឈឿន ឈាង មន្រ្តីផ្នែកតន្រ្តីបុរាណនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានប្រសាសន៍ថា គាត់ខ្លាចការបណ្តេញជាលើកទី២ ក្រោយការឲ្យចាកចេញពីសហគមន៍ដីក្រហម ទើបគាត់បង្ខំចិត្តទទួលយកផ្ទះល្វែងនោះ។ គាត់ថា ភាពរន្ធត់នៃការបង្ខំឲ្យចាកចេញ នាថ្ងៃ២៤ ខែមករា បានដក់ជាប់ក្នុងអារម្មណ៍ ដែលគាត់រស់នៅតែក្រោមការជម្លៀសសង្រ្គាមផង ផ្ទះសម្បែងផង។ គាត់គ្មានការតវ៉ាទេ សូម្បីតែការជញ្ជូនមករស់នៅមុខបុរីនេះ ក៏គេគំរាមជម្លៀសគាត់ជាថ្មីទៀត បើមិនព្រមយកផ្ទះល្វែង។
លោក ឈឿន ឈាង មានប្រសាសន៍ដូច្នេះថា ៖ «ស្ម័គ្រចិត្តយក បើមិនយកទៅក្រែងលោខូចខាត២ដង។ អម្បាញ់មិញគ្រាន់តែឮសូរត្រាក់ទ័រ ខ្ញុំភ័យមួយសាទៀត ខ្លាចក្រែងលោគេឈូសទៀត។ នៅតែភ័យៗ នៅមិនទាន់អស់ភ័យ។ សូម្បីតែស្អីក៏មិនសល់ដែរ ឈើកំប៉ិកកំប៉ុកអីក៏អស់រលីង។ មានផ្ទះមានអីនៅអ៊ីចឹងដូចថា មានជម្រក អាហ្នឹងត្រឹមត្រូវហើយ តែសំខាន់បាត់បង់ការរៀនសូត្ររបស់កូន បាត់បង់ទ្រព្យសម្បត្តិខ្លះ បាត់បង់ការរកស៊ី នៅពេលអ៊ីចឹងលុយគេបើកឲ្យប៉ុន្មានវាត្រូវចុះថវិកា ត្រូវដាក់ភ្លើងអីទៀត។ ឥឡូវខ្ញុំអត់ទាន់ដាក់ភ្លើងផង ព្រោះថវិកាយើងអត់មាន»។
អភិបាលរងរាជធានីភ្នំពេញ លោក ម៉ាន់ ឈឿន ប្រាប់អ្នកស្រុកកាលពីថ្ងៃច័ន្ទថា សុំឲ្យសិស្ស និស្សិតកត់ឈ្មោះ អ្នកមិនបានទៅរៀន ក្រោយដោះដូរកន្លែងរស់នៅ បញ្ជូនឈ្មោះទៅសាលាក្រុងៗ នឹងរៀបចំជួយផ្តល់ថវិកាឲ្យខ្ចី ផ្តល់មធ្យោបាយរកស៊ីនិងមធ្យោបាយទៅសាលារៀន។
លោកបន្តថា បើគ្រួសារណាមានកូនក្មួយ ចង់ផ្តាច់គ្រឿនញៀន សាលាក្រុងភ្នំពេញ មានកន្លែងផ្តាច់គ្រឿងញៀននៅខណ្ឌដង្កោ មិនយកប្រាក់ដើម្បីជួយការលំបាកទាំងឡាយដល់អ្នកទើបមកពីសហគមន៍ដីក្រហម ត្រូវការជំនួយចាំបាច់នោះ៕